ក្រសួងការបរទេសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាប្រទេសអ៊ីរ៉ង់«នឹងមិនទទួលយកការកែប្រែណាមួយនៅក្នុងកិច្ចព្រមព្រៀងនេះទេ នៅពេលនេះនិងក្នុងពេលអនាគត» ហើយប្រទេសអ៊ីរ៉ង់នឹង «មិនធ្វើសកម្មភាពណាមួយហួសពីការប្តេជ្ញារបស់ខ្លួនទេ»។ នេះបើតាមរយៈសារព័ត៌មានBBC ចេញផ្សាយនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ Mohammad Javad Zarif បាននិយាយនៅក្នុង Twitter ថាការប្រកាសរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump កាលពីថ្ងៃសុក្រថាគាត់ចង់យល់ព្រមឱ្យមានការដាក់ទណ្ឌកម្មថ្មីៗលើប្រទេសអ៊ីរ៉ង់ជា «ការប៉ុនប៉ងដោយអស់សង្ឃឹមដើម្បីធ្វើឱ្យអន្តរាយដល់កិច្ចព្រមព្រៀងពហុភាគីដ៏មាំទាំមួយ»។
ទោះជាយ៉ាងណាក៏ដោយក៏ជាលើកទីបីហើយដែលលោក Trump មិនបានដាក់ទណ្ឌកម្មតឹងរ៉ឹងជាថ្មី ដើម្បីជំរុញប្រទេសអ៊ីរ៉ង់ឱ្យបោះបង់ចោលការស្រាវជ្រាវអាវុធនុយក្លេអែររបស់ខ្លួននោះទេ។
លោកប្រធានាធិបតី Trump បាននិយាយថា លោកបដិសេធការដាក់ទណ្ឌកម្មទាំងនេះ ដើម្បីទុកពេលវេលា១២០ថ្ងៃឱ្យសភាសហរដ្ឋអាមេរិក និងពួកសម្ព័ន្ធមិត្តអឺរ៉ុបកែលម្អកិច្ចព្រមព្រៀងនេះ ឬសហរដ្ឋអាមេរិក អាចនឹងបោះបង់ចោលកិច្ចព្រមព្រៀងនេះតែម្តង៕
មតិយោបល់