បារាំងៈ ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជែអ៊ីន បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា មហាអំណាចពិភពលោក ត្រូវការជាចាំបាច់ដើម្បីធានាដល់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ថាលោកពិតជាធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ ក្នុងការបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៨។
លោក មូន ដែលបានជួបចរចាជាមួយលោក គីម បីដងនៅក្នុងឆ្នាំនេះ គឺកំពុងស្ថិតនៅក្នុងដំណើរទស្សនកិច្ចរយៈពេល ៧ថ្ងៃនៅអឺរ៉ុប ជាកន្លែងដែលលោក ត្រូវបានគេរំពឹងទុកថា នឹងធ្វើឲ្យថ្នាក់ដឹកនាំនៅទីក្រុងប៉ារីស រ៉ូម ក៏ដូចជាព្រុចសែល មានទំនាក់ទំនងកាន់តែប្រសើរ ជាមួយក្រុងសេអ៊ូល និងព្យុងយ៉ាង។
កាលពីថ្ងៃច័ន្ទ លោក មូន បានជួបពិភាក្សា ជាមួយប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង ដោយបាននិយាយថា ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវការដើរតួនាទីយ៉ាងសកម្ម ក្នុងការជួយបញ្ចុះបញ្ចូលមេដឹកនាំកូរ៉េខាងជើង ឲ្យបោះបង់ចោលនូវកម្មវីអាវុធរបស់ពួកគេទាំងស្រុង។
ខណៈនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាមួយ នៅទីក្រុងប៉ារីស លោក មូន បាននិយាយថា បារាំង មានតួនាទីយ៉ាងសំខាន់ ក្នុងការដោះស្រាយបញ្ហានេះ ព្រោះក្រុងព្យុងយ៉ាង ត្រូវការទំនុកចិត្ត ដើម្បីប្រាកដថា ពួកគេបានធ្វើនូវជម្រើសដ៏ត្រឹមត្រូវ ក្នុងការបំផ្លាញអាវុធនុយក្លេអ៊ែររបស់ពួកគេ»។
ដោយមុនពេលជួបជាមួយលោក ម៉ាក្រុង លោក មូន បានប្រាប់សារព័ត៌មាន Le Figaro របស់បារាំងថា លោក គីម បានសម្តែងការមិនសប្បាយចិត្ត ចំពោះការបន្តការសង្ស័យរបស់ខ្លួន ទៅលើសហគមន៍អន្ដរជាតិ ក្នុងអំឡុងពេលកិច្ចចរចារបស់ពួកគេ៕
មតិយោបល់