ព័ត៌មានសិល្បៈ និងកម្សាន្ត

កម្មវិធី «មុខរបរខ្ញុំ» បន្តជម្រុះបេក្ខភាពទី៤

ភ្នំពេញ: នៅវេលាថ្ងៃសុក្រ ទី៥ សីហា នេះ កម្មវិធី «មុខរបរខ្ញុំ» រដូវកាលទីពីរ ឬ កម្មវិធី My Place ដែលជាកម្មវិធីប្រកួតសមត្ថភាពអាជីវកម្មយ៉ាងពេញនិយមក្នុងចំណោមអ្នកទស្សនា នឹងធ្វើការជម្រុះបេក្ខភាពមួយរូបទៀតហើយ។ នេះជាការជម្រុះបេក្ខភាពទី៤ នៅក្នុងកម្មវិធី បន្ទាប់ពីសប្ដាហ៍កន្លងមក បានទម្លាក់អស់៣នាក់រួចទៅហើយ។

យោងតាមអ្នករៀបចំកម្មវិធីបានអះអាងថា ការជម្រុះបេក្ខភាពពីក្នុងកម្មវិធីនេះ មិនមែនថាអ្នកធ្លាក់មិនមានសមត្ថភាពនោះទេ ប៉ុន្តែបណ្ដាលមកពី ក្នុងចំណោមបេក្ខជនបេក្ខនារីដែលត្រូវប្រកួតប្រជែងគឺបេក្ខភាពនោះមានចំណុចខ្សោយជាងគេ ហើយក៏ត្រូវបានក្រុមជាអ្នកបោះឆ្នោតជាសម្ងាត់ដើម្បីជម្រុះចេញផង ទើបបណ្ដាលឲ្យបេក្ខភាពមួយក្នុងចំណោមអ្នកសល់ចំនួន៧រូបនៅសប្ដាហ៍នេះ ត្រូវតែធ្លាក់ចេញពីកម្មវិធី។ យ៉ាងណាក៏ដោយគេមិនទាន់ដឹងថាបេក្ខភាពម្នាក់ណានឹងក្លាយជាជនទី៤ដែលត្រូវបាត់បង់ឱកាសប្រកួតប្រជែងក្នុងកម្មវិធីមុខជំនួញដែលត្រូវគេកត់សម្គាល់ថាមានការតាមដានច្រើននៅយប់ថ្ងៃសុក្រនេះទេ ខណ:ដែលមហាជនជាអ្នកតាមដានក៏ទន្ទឹងចាំមើលដូចគ្នាពីលទ្ធផលនៅក្នុងកម្មវិធីនេះ។

អ្នករៀបចំកម្មវិធីបានបន្តថា កម្មវិធីនេះទទួលបានអ្នកមើលច្រើនបំផុតផ្អែកតាមស្ទាបស្ទង់ នៅក្នុងចំណោមកម្មវិធីទាំងឡាយដែលបានចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍ PNN ។ ការទម្លាក់បេក្ខភាពមួយរូបនៅវេលាម៉ោង៨យប់នេះ គឺតាមរយ:ឲ្យបេក្ខជនបេក្ខនារីទាំង៧នាក់ធ្វើដំណើរទៅកាន់ខេត្តព្រៃវែងដើម្បីស្វែងយល់ពីការដាំស្លឹកគ្រៃរបស់ប្រជាជននៅក្នុងភូមិ ហើយតម្រូវឲ្យបេក្ខភាពទាំងអស់ធ្វើការជាក្រុមលើប្រធានបទ «ហេតុអ្វីស្លឹកគ្រៃត្រូវបាននាំចូលពីក្រៅប្រទេស? និងរកគន្លឹះយ៉ាងណាលើកទឹកចិត្តឲ្យក្រុមកសិករយល់ដឹងពីអត្ថប្រយោជន៍របស់ស្លឹកគ្រៃ និងនាំគ្នាដាំដើម្បីផ្គត់ផ្គង់ទីផ្សារឲ្យបានច្រើន»។ ក្រុមដែលទទួលបានពិន្ទុខ្ពស់លើការវាយតម្លៃឯកសារស្រាវជ្រាវ និងការធ្វើបទបង្ហាញ នឹងឆ្លងផុតការបោះឆ្នោតជម្រុះ។

ដោយឡែកសម្រាប់ក្រុមដែលចាញ់ គឺត្រូវបោះឆ្នោតក្នុងរង្វង់ក្រុមដូចគ្នា ដើម្បីយកម្នាក់ឲ្យចាកចេញពីកម្មវិធី អ៊ីចឹងហើយទើបរាល់ការធ្លាក់ម្ដងៗ គឺធ្វើឲ្យអ្នកទស្សនាមានការសោកស្ដាយចំពោះការប្រឹងប្រែងរបស់ពួកគេ។ នៅមិនទាន់មានការទម្លាយថាក្រុមណាដែលបានពិន្ទុខ្ពស់នៅឡើយទេ ក្នុងពេលដែលលទ្ធផលនឹងត្រូវបានប្រកាសនៅយប់ថ្ងៃសុក្រទី៥ សីហានេះវេលាម៉ោង៨ ដែលធ្វើឲ្យអ្នកតាមដានចង់ដឹង។

គួរបញ្ជាក់ថា កាលពីសប្តាហ៍មុន កម្មវិធីនេះបានបាត់បង់បេក្ខនារី ឡេង រដ្ឋា ដែលជាបេក្ខភាពទីបី។ សម្រាប់សប្តាហ៍នេះវិញ មនុស្សមួយចំនួនគិតថា បេក្ខជនចំនួន៣រូបត្រូវគេមើលឃើញថាស្ថិតក្នុងភាពប្រឈមខ្ពស់។ នោះគឺ បេក្ខជន ជ័យ មានលាភ លូ យូវ  និងបេក្ខជន សា សុវណ្ណឌី។ កម្មវិធីនេះ បន្តជម្រុះរហូតនៅសល់តែម្នាក់ចុងក្រោយដើម្បីគ្រងតំណែងជើងឯក និងទទួលទឹកប្រាក់២០លានរៀល៕

កម្មវិធី «មុខរបរខ្ញុំ» ថ្មី រំពឹងទទួលបានការគាំទ្រជាងរដូវកាលទី១

photo_2016-08-05_18-12-04

photo_2016-08-05_18-12-05

photo_2016-08-05_18-12-08

photo_2016-08-05_18-12-10

photo_2016-08-05_18-12-13

photo_2016-08-05_18-12-15

photo_2016-08-05_18-12-17

photo_2016-08-05_18-12-20

photo_2016-08-05_18-12-23

មតិយោបល់