ព័ត៌មានជាតិ

ព្រលឹងចុងសក់ហ្មង! រថយន្តធុនធំដឹកដំឡូង បុកទម្លុះរបងវិទ្យាល័យសិរីសោភ័ណ

បន្ទាយមានជ័យ: មានករណីភ្ញាក់ផ្អើលមួយបានកើតឡើង ខណ:ដែលមានរថយន្តដឹកដំឡូងប្រភេទយក្សមួយគ្រឿង បានបុកទម្លុះរបងវិទ្យាល័យសិរីសោភ័ណ ដែលស្ថិតនៅកណ្តាលក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទីព្រឹក ថ្ងៃទី៦ ខែមករា ឆ្នាំ២០១៩ ។

អ្នកឃើញហេតុការណ៍បានសម្តែងការរន្ធត់និងលើកឡើងថា វាពិតជាសំណាងណាស់ដែលហេតុការណ៍បុកនេះកើតឡើងចំថ្ងៃឈប់សម្រាករបស់សិស្សានុសិស្ស តែបើកើតចំថ្ងៃក្មេងៗរៀនវិញ មិនដឹងជាមានរឿងសោកសៅប៉ុណ្ណានោះទេ។

អ្នកឃើញហេតុការណ៍ដដែលនេះក៏បានបញ្ជាក់ផងដែរថ្វីត្បិតតែសិស្សអត់រៀន តែថ្ងៃនេះគេឃើញព្រះសង្ឃជាច្រើនអង្គបានចូលមកប្រឡងធម្មវិន័យដែរ តែហេងណាស់ដែលរថយន្តបុកចូលចំពេលដែលព្រះសង្ឃកំពុងតែនៅក្នុងបន្ទប់ប្រឡង ។ប្រសិនជាចំម៉ោងប្រសង្ឃនៅក្រៅក៏វាសនាប្រហែលជាស្មានមិនត្រូវដែរ។

សូមបញ្ជាក់ថា ហេតុការណ៍ដ៏រន្ធត់នេះមិនបានបង្កឲ្យមនុស្សរងរបួសនិងស្លាប់នោះទេ តែទំហំនៃការខូចខាតធ្ងន់ធ្ងរ។ គេនៅមិនទាន់ដឹងពីមូលហេតុទេថាផ្តើមឡើងពីអ្វីនោះ តែសន្និដ្ឋានបឋមអាចបណ្តាលមកពីរថយន្តដឹកធ្ងន់ហើយដាច់ហ្រ្វាំង អ្នកបើកបរសម្រេចចិត្តបុកចូលដើម្បីបញ្ឈប់រថយន្ត៕

មតិយោបល់