ព័ត៌មានជាតិ

លោក Duterte និយាយថា​ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមិនទាន់ដល់ទីបញ្ចប់ទេ

(Reuters) – កាលពីថ្ងៃច័ន្ទ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បាននិយាយថា​ ការប្រយុទ្ធប្រឆាំងនឹងគ្រឿងញៀនមិនទាន់ដល់ទីបញ្ចប់ទេ បន្ទាប់ពីរយៈពេល ប្រាំឆ្នាំ ដែលលោកបានចាប់ផ្តើមធ្វើសង្គ្រាមលើគ្រឿងញៀនដែលបានសម្លាប់មនុស្សរាប់ពាន់នាក់ និងបង្កឲ្យមានការចោទប្រកាន់អំពីឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិ ។

នៅក្នុងសុន្ទរកថាថ្នាក់ជាតិថ្មីៗ​ប្រធានាធិបតីលោក Duterte បានការពារយុទ្ធនាការនេះដោយនិយាយថា វាបានធ្វើឲ្យកាត់បន្ថយឧក្រិដ្ឋកម្ម និងធ្វើឲ្យប្រសើរឡើងនូវសន្តិភាព និងសណ្តាប់ធ្នាប់ ។

ក្នុងសុន្ទរកថាជិតបីម៉ោង ប្រធានាធិបតីលោក Duterte បាននិយាយថា “យើងនៅតែមានផ្លូវវែងឆ្ងាយក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃគ្រឿងញៀន” ខណៈដែលមនុស្សជាច្រើនរំពឹងថា សុន្ទរកថានោះនឹងនិយាយពីការរាតត្បាតនៃជំងឺ​ COVID-19 ។

ប្រធានាធិបតីលោក Duterte អាយុ ៧៦ ឆ្នាំ មិនមានសិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតម្តងទៀតទេ ប៉ុន្តែលោកបានបង្ហើបថា រូបលោកអាចឈរឈ្មោះជាអនុប្រធានាធិបតី ដែលក្រុមអ្នករិះគន់មើលឃើញថានេះជាផ្លូវក្រោយសម្រាប់កាន់អំណាច ។

មុនពេលថ្លែងសុន្ទរកថារបស់លោក ក្រុមសកម្មជនរាប់រយនាក់បានដើរតវ៉ាតាមផ្លូវនានាក្នុងទីក្រុង Manila ទោះបីជាមានការគំរាមគំហែង នៃការឆ្លងរាលដាលកាន់តែច្រើន នៃជំងឺកូវីដប្រភេទ Delta ក៏ដោយ និងបានកាន់បដារិះគន់កំណត់ត្រាសិទ្ធិរបស់លោក Duterte និងការដោះស្រាយរបស់គាត់ចំពោះវិបត្ដិ COVID-19 ។

កាលពីខែមុន ព្រះរាជអាជ្ញា នៃតុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) បានគ្រោងការស៊ើបអង្កេតជាផ្លូវការលើការសម្លាប់ក្នុងសង្រ្គាមគ្រឿងញៀន ដោយនិយាយថាឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិអាចត្រូវបានប្រព្រឹត្ត ។

ប្រធានាធិបតីលោក Duterte ដែលបានរិះគន់តុលាការព្រហ្មទណ្ឌអន្តរជាតិ ICC ម្តងហើយម្តងទៀត ហ៊ានឲ្យតុលាការកាត់ទោសរូបលោកដោយនិយាយថាលោកមិនដែលបដិសេធថាលោកនឹងសម្លាប់បុគ្គលដែល​បំផ្លាញប្រទេសជាតិនោះទេ ។

 

មតិយោបល់