ព័ត៌មានជាតិ

លោក Zelenskyy រិះគន់កិច្ចប្រជុំកំពូល NATO ថាបង្ហាញពីភាពទន់ខ្សោយ នៅចំពោះមុខរុស្ស៊ី

(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyyបាននិយាយថាកិច្ចប្រជុំកំពូលរបស់អង្គការ NATO បានបង្ហាញពីភាពទន់ខ្សោយ នៅចំពោះមុខសង្រ្គាមរវាងរុស្ស៊ី និងអ៊ុយក្រែន។

នៅក្នុងសារវីដេអូ នៅថ្ងៃសុក្រសប្ដាហ៍នេះប្រធានាធិបតីអ៊ុយក្រែនរូបនេះបានលើកឡើងថា «កិច្ចប្រជំកំពូលរបស់អង្គការ NATO នៅថ្ងៃនេះ (ថ្ងៃសុក្រ) គឺជាកិច្ចប្រជុំកំពូលដ៏ទន់ខ្សោយ និងពោរពេញដោយភាពច្របូកច្របល់ ពោលគឺជាកិច្ចប្រជុំកំពូលមួយដែលបង្ហាញថា គ្មាននរណាម្នាក់ចាត់ទុកថាការប្រយុទ្ធដើម្បីសេរីភាពនៅក្នុងតំបន់អឺរ៉ុប គឺជាគោលបំណងទី១»។

លោក ហ្សេលេស្គី ក៏បានចោទប្រកាន់ប្រទេសជាសមាជិក NATO មួយចំនួនផងដែរថាកំពុងបើកភ្លើងបៃតងឱ្យរុស្ស៊ី ចាប់ផ្ដើមទម្លាក់គ្រាប់បែកលើ ទីក្រុង និងភូមិជាច្រើនរបស់អ៊ុយក្រែន បន្ទាប់ពីបដិសេធការបង្កើតតំបន់គ្មានការហោះហើរ ហើយថា NATO មិនទាន់បានធ្វើអ្វីទាល់តែសោះ ក្រៅតែពីបញ្ជូនម៉ាស៊ូត ៥០តោនមកឱ្យអ៊ុយក្រែន៕

ប្រភព៖​ Sputnik

 

មតិយោបល់