តើអ្នកប្រាកដខ្លួនឯងទេថា កំពុងតែប្រើប្រាស់ iPhone បានត្រឹមត្រូវតាមជំនាញបច្ចេកទេស? ចាប់តាំងពី iPhone បានបង្ហាញខ្លួនក្នុងឆ្នាំ ២០០៨ រហូតដល់បច្ចុប្បន្ន កំហុសឆ្គងនៃការប្រើប្រាស់ស្មាតហ្វូនមួយនេះចេះតែកើនឡើងជាលំដាប់ៗ។
ថ្ងៃនេះ Post Tech សូមបង្ហាញអំពីកំហុសឆ្គងទាំង ៥ យ៉ាងនេះជូនដល់ប្រិយមិត្ត រួមទាំងមូលហេតុដែលគួរបញ្ឈប់ទង្វើអស់ទាំងនេះ។
១ – ការបិទផ្តាច់កម្មវិធីចេញពីផ្ទាំងផ្លាស់ប្តូរកម្មវិធីប្រើប្រាស់ដើម្បីសន្សំសំចៃថ្ម
យើងរាល់គ្នាចូលចិត្តតែបិទផ្តាច់កម្មវិធីក្រោយពេលដែលយើងឈប់ប្រើប្រាស់វាមួយភ្លែត ដោយតែងតែគិតថាធ្វើបែបនេះអាចសន្សំសំចៃថាមពលថ្មបានច្រើន។ តែបើយោងតាមលោកប្រធានអភិវឌ្ឍន៍កម្មវិធីប្រើប្រាស់ក្រុមហ៊ុន Apple ឈ្មោះថា Craig Federighi បានច្រានចោលគំនិតផ្តេសផ្តាសមួយនេះ នឹងបានឲ្យដឹងថាការធ្វើបែបនេះគ្មានផលប្រយោជន៍អ្វីនោះទេ ដោយសារកម្មវិធីដែលយើងបិទឈប់ប្រើ ឬបានចាកចេញរួច ប្រព័ន្ធ iOS ក៏បានផ្អាកដំណើរការរបស់វាភ្លាម ហេតុដូចនេះវាមិនបានប្រើប្រាស់ថាមពលថ្មឡើយ ហើយលោកក៏បានបញ្ជាក់ថែមទៀតថា ធ្វើអីចឹងមានតែអស់ថ្មទូស័ព្ទច្រើនជាងមុនវិញទេ ដោយសារតែពេលដែលយើងបើកកម្មវិធីនោះប្រើវិញ ប្រព័ន្ធ iOS ក៏ចាប់ផ្តើមទាញទិន្នន័យថ្មីទាំងអស់មកម្តងទៀតដូចគ្នាដែរ។
២ – ការសាកថ្មរហូតដល់ពេញខ្លាំងពេក
ការសាកថ្មរហូតដល់ពេញ ១០០ ភាគរយយូរពេក គឺជាកំហុសមួយដ៏ធ្ងន់ធ្ងរជាងគេ។ នៅពេលដែលថាមពលថ្មស្ថិតនៅកម្រិតទាបខ្លាំង ហើយយើងស្រាប់តែសាកវាឲ្យពេញខ្លាំងពេកនោះ បណ្តាលឲ្យអេឡិចត្រូតដែលស្ថិតនៅខាងក្នុងអាគុយរបស់ថ្មវានឹងបំប៉ោងខ្លួន ដែលជាការបង្កឲ្យឈានទៅដល់ការរីកមាឌ និងអាចផ្ទុះឡើងបាន។ សេចក្តីប្រកាសមួយថា ការសាកថ្មដែលមានប្រសិទ្ធភាពគឺតម្រូវឲ្យស្ថិតនៅចន្លោះពី ៣០ ទៅ ៧០ ភាគរយ នេះបើយោងតាមការផ្តល់យោបល់ពីអ្នកជំនាញ។
៣ – មិនបានធ្វើការទាញទិន្នន័យរក្សាទុក (Backup)
ជាធម្មតាលោកអ្នកតែងតែមានកម្មវិធី ចម្រៀង វីដេអូ និងរូបថតជាច្រើននៅក្នុងទូរស័ព្ទដៃ iPhone ក៏ដូចជាទិន្នន័យផ្ទាល់ខ្លួនផ្សេងៗ ថែមទាំងបានកែកុនប្រព័ន្ធប្រើប្រាស់ជាច្រើន។ ប្រសិនបើទិន្នន័យទាំងអស់នោះត្រូវបានបាត់បង់ជាយថាហេតុ លោកអ្នកច្បាស់ជាជួបផលវិបាកជាមិនខាន។ ឧទាហរណ៍៖ បាត់ទូរស័ព្ទ ឬទូរស័ព្ទខូច។ល។ មានមនុស្សមួយចំនួនធំ មិនបានអើពើអំពីការទាញទិន្នន័យយកទៅរក្សាទុកនោះឡើយ ឬស្ទើតែគ្មានអ្នកណាដែលយល់អំពីកិច្ចការនេះផងដែរ។ ដូចនេះសូមមិត្តអ្នកអានទាំងឡាយ ចូរកុំបណ្តោយខ្លួនឲ្យមានកំហុសបែបនេះអី ប្រិយមិត្តគួរតែធ្វើការរក្សាទុក (Backup) ដោយប្រើប្រាស់កម្មវិធី iTunes នៅលើកុំព្យូទ័រ ឬនៅលើ iCloud ក៏បាន។ ធ្វើបែបនេះ យើងនឹងទទួលបានការរក្សាទុករាល់ទិន្នន័យទាំងឡាយដែលមាននៅលើ iPhone ទុកសម្រាប់ទាញយកមកប្រើប្រាស់ពេលណាក៏បាន មិនខ្វល់ថាប្រភេទទូរស័ព្ទដៃខុសគ្នាក៏ដោយ។
ចុចត្រង់នេះដើម្បីអានរបៀបទាញទិន្នន័យរក្សាទុក (Backup)
៤ – ដំណើរការ Jailbreak
ការ Jailbreak ទូរស័ព្ទដៃ iPhone មានភាពពេញនិយមខ្លាំងបច្ចុប្បន្ននេះ ប្រសិនបើអ្នកចង់ប្រើប្រាស់ iPhone ស្ថិតក្រៅប្រព័ន្ធឃុំឃាំងរបស់ក្រុមហ៊ុន Apple ប្រាកដណាស់ថានឹងត្រូវធ្វើការ Jailbreak រួចអ្នកច្បាស់ជាអាចប្រើប្រាស់កម្មវិធីក្រៅផ្លូវការដែលមិនអនុញ្ញាតឲ្យមាននៅលើហាងកម្មវិធី AppStore បាន។ ប៉ុន្តែការ Jailbreak មានគុណវិបត្តិធ្ងន់ធ្ងរខ្លាំងផងដែរ ចំពោះទូរស័ព្ទដៃដែលបានធ្វើការ Jailbreak រួចប្រាកដជាបែកប្រព័ន្ធសុវត្ថិភាពដែលកំណត់ដោយក្រុមហ៊ុន Apple នឹងបណ្តាលឲ្យការ Hack ចូលទិន្នន័យក្នុងប្រព័ន្ធមានភាពងាយស្រួល។ ហេតុដូចនេះ ពួកយើងសូមផ្តល់យោបល់ឲ្យជៀសវៀងការ Jailbreak ដោយរក្សាការប្រើប្រាស់ iPhone ស្ថិតក្រោមប្រព័ន្ធសុវត្ថិភាពរបស់ក្រុមហ៊ុន។ ទន្ទឹមនឹងនេះ ក្រុមហ៊ុន Apple ក៏បានបញ្ចូលមុខងារពិសេសៗមួយចំនួនដែលធ្លាប់តែមាននៅលើទូរស័ព្ទដែល Jailbreak ឲ្យមានស្រាប់នៅលើប្រព័ន្ធ iOS តែម្តង។ បើតាមការព្យាករណ៍ ប្រធានបទនៃការ Jailbreak អាចនឹងលែងមានសារ:ប្រយោជន៍តទៅមុខទៀតហើយ។
៥ – ដោនឡូដកម្មវិធីកម្ចាត់មេរោគ
ការដំឡើងកម្មវិធីកម្ចាត់មេរោគ ច្បាស់ណាស់ថា វាគ្មានប្រយោជន៍ទាល់តែសោះ។ ដោយសារតែ ប្រព័ន្ធ iOS អភិវឌ្ឍឡើងភ្ជាប់មកស្រេចជាមួយរណាំងការពារគ្រប់ប្រភេទមេរោគ បូករួមទាំងការត្រួតពិនិត្យយ៉ាងតឹងរឹងរាល់ការដំឡើងកម្មវិធីប្រើប្រាស់នីមួយៗ ដូចនេះពុំមានមេរោគប្រភេទណាមួយអាចជ្រៀតចូលប្រព័ន្ធបានងាយស្រួលឡើយ។ ប្រិយមិត្តកុំទៅបារម្ភរឿងមេរោគជ្រៀតចូល iPhone ទៀតនោះអី៕
មតិយោបល់