ព័ត៌មានបច្ចេកវិទ្យា

កុមារក្រីក្រអតីតតំបន់ចាក់សម្រាមស្ទឹងមានជ័យ ទទួលបានការអប់រំលំដាប់អន្តរជាតិក្នុងវិស័យ STEM នៅសាលា NCA

ភ្នំពេញៈ កុមារក្រីក្រដែលភាគច្រើនសុទ្ធសឹងជាអតីតក្មេងរើសសម្រាមនៅតំបន់ស្ទឹងមានជ័យ ឥឡូវនេះ ចាប់ផ្តើមទទួលបានការអប់រំកម្រិតស្តង់ដាអន្តរជាតិមួយហើយ ក្នុងវិស័យវិទ្យាសាស្រ្ត បចេ្ចកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅកាត់ថា STEM នៅឯសាលា Nesson Cripps Academy ដែលឋិតក្រោមគម្រោងផ្តួចផ្តើមបង្កើតឡើងដោយលោក Scott Nesson ជាស្ថាបនិក និងជាប្រធានអង្គការ មូលនិធិកុមារកម្ពុជា។

ទើបបើកសម្ពោធឱ្យចូលរៀនផ្លូវការនៅថ្ងៃទី ១៦ កុម្ភៈ កន្លងទៅថ្មីៗនេះ សាលា NCA ត្រូវបានកសាងឡើងនៅលើផ្ទៃដីដែលឋិតនៅចម្ងាយ ៣០០ ម៉ែត្រ ពីអតីតទីលានចាក់សម្រាមស្ទឹងមានជ័យ រាជធានីភ្នំពេញ ក្រោមការឧបត្ថម្ភថវិកាទាំងស្រុងពីសម្ព័ន្ធក្រុមហ៊ុន Velcro ផ្តល់ជូនដល់អង្គការមូលនិធិកុមារកម្ពុជា CCF។

មណ្ឌលអប់រំដែលមានកម្ពស់ ៥ ជាន់នេះ អាចផ្តល់ការសិក្សាតាមបែបទំនើបកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យដល់សិស្សានុសិស្សក្រីក្របំផុតចំនួន ៤០០ នាក់ក្នុងមួយឆ្នាំ ជាមួយគ្រូបង្រៀនចំនួន ៣០ នាក់ ថ្នាក់រៀន ១៥ បន្ទប់ បន្ទប់ពិសោធន៍វិទ្យាសាស្រ្តចំនួន ២ បន្ទប់កុំព្យូទ័រចំនួន ២ បន្ទប់ស្ទូឌីយោសិល្បៈចំនួន ១ និងបន្ទប់វិចិត្រសាលចំនួន ១។

នៅក្នុងពិធីជួបជុំឪពុកម្តាយសិស្សសាលាមធ្យមសិក្សា NCA នៅព្រឹកថ្ងៃទី ២៥ កុម្ភៈ លោក Scott Nesson បានឱ្យដឹងថា ក្នុងរយៈពេល ១៣ ឆ្នាំ ដែលលោកបានមករស់នៅក្នុងប្រទេសកម្ពុជា លោកមានគោលបំណងដ៏សាមញ្ញមួយ គឺជម្លៀសកុមារក្រីក្រចេញពីអតីតតំបន់ចាក់សម្រាមស្ទឹងមានជ័យ ហើយបញ្ជូនពួកគេទៅសាលារៀន។ លោកឱ្យដឹងបន្ថែមថា NCA នឹងផ្តល់កម្មវិធីអប់រំប្រកបដោយគុណភាពលើមុខវិជ្ជាសិក្សាផ្នែក STEM ចាប់ពីថ្នាក់ទី ៩ ដល់ទី ១២ សម្រាប់ក្មេងៗក្នុងសហគមន៍ក្រីក្រស្ទឹងមានជ័យ ដើម្បីធានាឱ្យពួកគេនូវផ្លូវដ៏រលូនឆ្ពោះទៅកាន់សាកលវិទ្យាល័យ និងអាជីពដែលកំពុងមានតម្រូវការខ្ពស់ ស្របតាមសេដ្ឋកិច្ចកម្ពុជាដែលកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស។

លោក Robert Cripps ដែលជាម្ចាស់ជំនួយឧបត្ថម្ភគម្រោង និងជាអតីតប្រធានក្រុមហ៊ុន Velcro បានថ្លែងថា «មានរឿងមួយចំនួនដែលលើសពីភាពរីករាយក្នុងជីវិតទៅទៀត នោះគឺការជួយធ្វើឱ្យក្តីសុបិនរបស់នរណាម្នាក់កើតចេញជារូបរាង ហើយដែលយើងដឹងថា វានឹងផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាច្រើននៅថ្ងៃអនាគតដ៏ឆាប់ខាងមុខ»។

គួររំឭកថា លោក Scott Nesson គឺជាអតីតប្រធានក្រុមហ៊ុនអន្តរជាតិ 20th Century Fox និងនាយកប្រតិបត្តិការទីផ្សារក្រុមហ៊ុន Sony Picture អន្តរជាតិ។ គាត់បានបោះបង់ការងារអាជីពរបស់លោក ព្រមទាំងទ្រព្យសម្បត្តិទាំងអម្បាលម៉ានរបស់លោកនៅសហរដ្ឋអាមេរិក មករស់នៅកម្ពុជាក្នុងឆ្នាំ ២០០៤ ដើម្បីបង្កើតអង្គការមូលនិធិកុមារកម្ពុជា ហើយរហូតដល់បច្ចុប្បន្ន អង្គការសង្គ្រោះកុមារក្រីក្រកម្ពុជាមួយនេះ បានផ្តល់ការសិក្សាដល់កុមារទុរគតរស់នៅអតីតតំបន់ចាក់សម្រាមស្ទឹងមានជ័យបានចំនួនជាង ២០០០ នាក់ហើយ៕

មតិយោបល់