ព័ត៌មានបច្ចេកវិទ្យា

បែកធ្លាយ iPhone 8 អាចថតវីដេអូ 4k ជាមួយកម្រិតល្បឿន ៦០ ប៉ុស្តិ៍/វិនាទី

ទូរសព្ទ iPhone ពីមួយជំនាន់ទៅមួយជំនាន់ អ្វីដែលគេតែងសម្គាល់ថាមានការផ្លាស់ប្តូរជាប់រហូតនោះគឺ សមត្ថភាពកាមេរ៉ារបស់វាតែម្តង។

ទាក់ទងទៅនឹងមុខងារដែលគ្រប់គ្នានិយមប្រើបំផុតនៅលើទូរសព្ទដៃរបស់ខ្លួននេះ ប្រភពមួយបានទម្លាយឱ្យដឹងថា iPhone 8 ដែលគេជឿថានឹងចេញក្នុងខែកញ្ញាខាងមុខ នឹងបំពាក់មកជាមួយកាមេរ៉ាភ្លោះដែលអាចផ្តិតយករូបភាពវីដេអូខ្នាត 4k ក្នុងកម្រិតល្បឿន ៦០ ប៉ុស្តិ៍/វិនាទី (fps)។ ពោលគឺ មានល្បឿនទ្វេគុណធៀបទៅនឹង iPhone 7 និង 7 Plus ស៊េរីបច្ចុប្បន្ន ដែលកាមេរ៉ាក្រោយរបស់វា អាចថតវីដេអូខ្នាត 4k រួចទៅហើយ ប៉ុន្តែ វាមានកម្រិតល្បឿនត្រឹម ៣០ ប៉ុស្តិ៍/វិនាទី។

ការហ៊ានអះអាងបែបនេះ គឺដោយសម្អាងលើសំណុំកូដកម្មវិធីថ្មីមួយឈ្មោះ HomePod ត្រូវបានក្រុមហ៊ុន Apple ទម្លាយឱ្យឃើញដោយចៃដន្យនៅសប្តាហ៍នេះ ទៅដល់ក្រុមអ្នកអភិវឌ្ឍកម្មវិធី ដែលវាបង្ហាញ iPhone 8 នឹងអាចថតវីដេអូខ្នាត 4k ក្នុងកម្រិតល្បឿន ៦០ ប៉ុស្តិ៍/វិនាទី ហើយវានឹងគាំទ្រជាមួយមុខងារ SmartCam ថ្មីមួយ។

គួរបញ្ចាក់ថា ទូរសព្ទ Samsung Galaxy S8 និង S8+ នៅពុំទាន់មានសមត្ថភាពថតវីដេអូ 4k ក្នុងកម្រិតល្បឿនបែបនេះនៅឡើយទេ ដូច្នេះ ប្រសិនបើព័ត៌មានបែកធ្លាយនេះគឺជាការពិតមែននោះ កាមេរ៉ារបស់ iPhone 8 នឹងស៊ីដាច់កាមេរ៉ារបស់កំពូលស្មាតហ្វូនក្រុមហ៊ុន Samsung នាពេលបច្ចុប្បន្នជាមិនខាន៕

ប្រភពព័ត៌មានៈ

មតិយោបល់