នៅមិនដល់ពីរសប្តាហ៍នោះទេ ដែលកំពូលស្មាតហ្វូនអេក្រង់ធំរបស់ក្រុមហ៊ុន LG គឺ V30 ដែលត្រូវបានរចនាឡើងដើម្បីប្រកួតប្រជែងជាមួយកំពូលស្មាតហ្វូនរបស់ក្រុមហ៊ុន Samsung និង Apple គឺ Galaxy Note 8 និង iPhone 8 នឹងប្រកាសចេញជាផ្លូវការ។
តែខណៈថ្ងៃដែលពិភពលោកកំពុងទន្ទឹងរងចាំ កាន់តែខិតចូលមកដល់ រូបភាពឌីហ្សាញដែលបង្ហាញពីរចនាបទថ្មីស្រឡាងមួយរបស់ V30 ត្រូវបានបែកធ្លាយ រំលេចឱ្យឃើញយ៉ាងច្បាស់ក្រឡែតអំពីផ្ទៃទូរសព្ទផ្នែកខាងមុខ ខាងក្រោយ និងគែមសងខាងរបស់វា។
អ្នកបើកកកាយព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនបច្ចេកវិទ្យាធំៗដ៏ល្បីល្បាញមួយរូប គឺលោក Evan Blass បានសរសេរនៅលើទំព័រ Twitter របស់ខ្លួនថា រូបភាពឌីហ្សាញចុងក្រោយបង្អស់របស់ LG V30 នេះ បានបង្ហាញយ៉ាងច្បាស់អំពីប្រណិតភាពនៃទូរសព្ទដៃទំនើបប្រភេទអេក្រង់ធំរបស់ក្រុមហ៊ុន LG។
វាបំពាក់អេក្រង់ជំនាន់ថ្មីដ៏ប្រណិតឥតខ្ចោះមានឈ្មោះថា P-OLED FullVision។ ផ្នែកខាងក្រោយ គឺមានកាមេរ៉ាភ្លោះអាចផ្តិតយករូបភាពក្នុងមុំធំទូលាយ អមដោយបន្ទះស្កេនក្រយៅដៃរាងមូលមួយនៅខាងក្រោម ដែលអាចប្រើជាប៊ូតុងបិទ/បើកអេក្រង់ទូរសព្ទបាន។
តាមរយៈរូបភាពថ្មីនេះដែរ វាក៏សរបញ្ជាក់ឱ្យឃើញថា គែមអេក្រង់ខាងមុខ និងតួទូរសព្ទខាងក្រោយរបស់ V30 គឺមានរាងកោងខុបចូលគ្នាបន្តិច ដែលលក្ខណៈនៃរចនាបបទបែបនេះ គឺផ្តល់ភាពកាន់តែងាយស្រួលក្នុងការចាប់កាន់ប្រើប្រាស់ តែក៏ងាយនឹងបែកនោះដែរ ប្រសិនបើវាជ្រុះធ្លាក់។
ឆ្លងកាត់តាមព័ត៌មានក្រៅផ្លូវការ និងផ្លូវការ ព្រមជាមួយរូបរាងបែកធ្លាយច្បាស់ៗកន្លងមក អ្វីដែលលោកអ្នកចង់ដឹងអំពី LG V30 ប្រហែលជានៅមិនសល់ច្រើននោះទេ ពោល គ្រប់យ៉ាងស្ទើរតែទម្លាយចេញមកអស់ហើយ។ អ្វីដែលនៅសល់នោះគឺ មានតែរងចាំការប្រកាសចេញជាផ្លូវការនាថ្ងៃទី ៣១ សីហា ក្នុងព្រឹត្តិការណ៍ IFA 2017 ប៉ុណ្ណោះ៕
ប្រភពព័ត៌មានៈ 9to5mac
មតិយោបល់