បន្ទាយមានជ័យៈ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌជិតចូលមកដល់ គឺជាឱកាសដែលជនខិលខូចបញ្ចេញនូវទំនិញខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញហាមឃាត់មកតាំងលក់ និងចែកចាយតាមទីផ្សារនានាក្នុងខេត្តបន្ទាយមានជ័យ។ ដើម្បីទប់ស្កាត់ការចរាចរណ៍ទំនិញទាំងនេះ នៅព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១៦ មន្ត្រីសាខាកាំកុងត្រូលសហការជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្ម និងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបន្ទាយមានជ័យបានចុះត្រួតពិនិត្យនៅតាមទីផ្សារ និងទីតាំងបោះដុំមួយចំនួនក្នុងក្រុងសិរីសោភ័ណ។
លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបាននិយាយប្រាប់អង្គភាព post news ដឹងថា ដោយយោងតាមការណែនាំរបស់លោកអគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលឲ្យចុះរឹតបន្តឹងគុណភាពចំណីអាហារ ដើម្បីបង្ការការពារ និងបង្កើនសុខមាលភាពរបស់ប្រជាពលរដ្ឋ មន្ត្រីកាំកុងត្រូលរួមជាមួយសមត្ថកិច្ចពាក់ព័ន្ធបានចុះត្រួតពិនិត្យទំនិញ ចំណីអាហារនៅតាមទីផ្សារធំៗ ហើយជាលទ្ធផលមន្រ្តីជំនាញបានរកឃើញទំនិញ ដែលហួសកាលរិច្ឆេទជាច្រើនមាន ទឹកក្រូច កាហ្វេកញ្ចប់ ទំពាំងកំប៉ុង ម្សៅរ៉តឌី ព្រមទាំងដកហូតទឹកអាស៊ីដ ដែលពលរដ្ឋយល់ច្រលំថា ជាទឹកខ្មេះរូបទន្សាយ។
លោក ស៊ាន ស៊ីណាត ក៏បានណែនាំដល់ក្រុមអាជីវករ និងបងប្អូនប្រជាពលរដ្ឋផងដែរថាសូមឲ្យបញ្ឈប់ការដាក់តាំងលក់ និងប្រើប្រាស់ទឹកអាស៊ីដរូបទន្សាយដែលនាំឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាព។ លោកបានបញ្ជាក់ថា ទឹកអាស៊ីដ (ទឹកខ្មេះ) រូបទ្សាយ មិនសម្រាប់បរិភាគទេ គឺគេប្រើប្រាស់ក្នុងរោងចក្រសហគ្រាស ដើម្បីជម្រះការប្រលាក់សម្លៀកបំពាក់តែប៉ុណ្ណោះ។
ជាមួយនោះដែរលោក ស៊ាន ស៊ីណាត បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរថា សូមឲ្យមានការប្រុងប្រយ័ត្ន ចំពោះស្លាដក់ ដែលមានការវេចខ្ចប់ស្រេច គឺបង្កប់នូវទំនិញហួសកាលបរិច្ឆេទខូចគុណភាព ហើយមុននឹងទិញនូវគ្រឿងឧបភោគបរិភោគ ឬស្លាដក់ត្រូវពិនិត្យឲ្យបានត្រឹមត្រូវជៀសវាងការប្រើប្រាស់ និងទទួលទាននូវទំនិញបង្កគ្រោះថ្នាក់ដល់សុខភាព។
លោកស្រី សុខ ធូ អាជីវករក្នុងផ្សារសិរីសោភណ័បាននិយាយថា គាត់សប្បាយចិត្តនៅពេលដែលធ្វើឲ្យពួកគាត់យល់កាន់តែច្បាស់ថែមទៀតពីវិធីប្រើប្រាស់និងទទួលទាន៕
មតិយោបល់