ប្រធានាធិបតីអ៊ុយក្រែន ចង់ឲ្យមានជំនួបកំពូលចតុភាគីអ៊ុយក្រែន បារាំង អាល្លឺម៉ង់ និងរុស្ស៊ី ដើម្បីពិភាក្សារួមគ្នា អំពីបញ្ហាសន្តិសុខ
ក្រោយអ៊ុយក្រែនប្រកាសស្វែងរកជំនួយពីអូតង់ និងអឺរ៉ុប ប្រធានាធិបតីបារាំងលោកម៉ាក្រុង បានរៀបចំកិច្ចពិភាក្សាជាមួយមេដឹកនាំអ៊ុយក្រែននៅក្នុងទីក្រុងប៉ារីស ដោយមានវត្តមានចូលរួមរបស់លោកស្រីអធិការបតីអាល្លឺម៉ង់ម៊ែរគែលផងតាមរយៈសន្និសីទវីដេអូ។ កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងបង្ហាញការគាំទ្រដល់រដ្ឋាភិបាលអ៊ុយក្រែនក្នុងការប្រឈមទល់នឹងការឈ្លានពានណាមួយពីសំណាក់រុស្ស៊ី។ ភាពតានតឹងរវាងរុស្ស៊ី និងអ៊ុយក្រែនបានកើតឡើងរយៈពេល ៧ ឆ្នាំកន្លងមកហើយ។ រុស្ស៊ី បានក្រសោបដណ្តើមយកតំបន់គ្រីមេរបស់អ៊ុយក្រែនកាលពីឆ្នាំ ២០១៤ ហើយពួកឧទ្ទាមបំបែកទឹកដីរុស្ស៊ីនិយមក៏បានប្រកាសផ្តាច់ខ្លួននៅតំបន់ភាគខាងកើតអ៊ុយគ្រែនរហូតជំរុញឲ្យចំណងទាក់ទងរវាងរុស្ស៊ីជាមួយក្រុមប្រទេសលោកខាងលិចធ្លាក់ចុះខ្លាំងរាប់ចាប់ពីសម័យសង្គ្រាមត្រជាក់មក។ លោកពូទីន និងប្រធានាធិបតីអ៊ុយក្រែនបានជួបមុខគ្នាចុងក្រោយនៅទីក្រុងប៉ារីសកាលពីខែធ្នូ ឆ្នាំ ២០១៩ នៅឯកិច្ចប្រជុំដែលរៀបចំឡើងដោយប្រមុខរដ្ឋបារាំងលោកម៉ាក្រុង…