ពែកមី ក្រោយរងសម្ដីវាយសំពង ងាកទៅសរសើរអាជីពសំណង់
ការលេងសើចលើសលោះក្នុងកម្មវិធី«ពេញចិត្តអត់ ថ្ងៃអាទិត្យ» ពីសំណាក់អ្នកបង្ហោះវីដេអូវាយប្រហារមួយរូប បានធ្វើឲ្យតារាកំប្លែងនាយពែកមី បាក់ទឹកចិត្តនឹងការប្រឈមមុខយ៉ាងខ្លាំង ជាពិសេសក្រោយពេលវីដេអូដែលរិះគន់លោកចាយចាយគគ្រឹកគគ្រេងហើយ ត្រូវអ្នកលេងហ្វេសប៊ុកផ្សេងទៀតបន្ថែមល្បោយនឹងពាក្យវាយសំពងធ្ងន់ៗ។ លោកថាលោកគ្រាន់តែចង់ឲ្យមហាជនសើចសប្បាយប៉ុណ្ណោះ ប៉ុន្តែនៅពេលជ្រុលបន្តិចក៏ត្រូវមហាជនជេរដោយមិនសំចៃមាត់បែបនោះ ហាក់ធ្វើឲ្យលោកបាក់ទឹកចិត្ត និងចង់ដកខ្លួនពីសិល្បៈវិលទៅរកអាជីពចាស់។ លោកនិយាយថាក្លាយខ្លួនជាតារាសិល្បៈមិនស្រួលដូចអ្វីដែលមហាជនបានគិតនោះទេ ដោយសារតែភាពជាក់ស្ដែងគឺសម្ដែងទៅល្អក៏មានអ្នកសរសើរ ប៉ុន្តែបើខុសបន្តិចបន្តួចគឺជេរប្រមាថហុយផ្សេង ដែលក្នុងពេលខ្លះគឺចង់រាថយ។ ឆ្លងកាត់ការរិះគន់ដែលបានកើតឡើងជុំវិញកំហុសឆ្គងដែលលោកបានបង្ហាញក្នុងកម្មវិធី «ពេញចិត្តអត់» កាលពីពេលថ្មីៗ លោកបានប្រកាសថាហាក់ធ្វើឲ្យលោកមានសម្ពាធ និងមិនចង់ហ៊ានសម្ដែងទៀតទេ…